វិធីសាស្រ្ត៤យ៉ាង ដែលជំរុញទឹកចិត្តអ្នកអោយចង់ធ្វើការនៅថ្ងៃចន្ទ័

211
SHARE
វិធីសាស្រ្ត៤យ៉ាង ដែលជំរុញទឹកចិត្តអ្នកអោយចង់ធ្វើការនៅថ្ងៃចន្ទ័

ចំពោះសិស្ស អ្នកធ្វើការ ឬអ្នកដែលប្រកបរបរផ្ទាល់ខ្លួន តែងតែមានអារម្មណ៍បារម្ភពីថ្ងៃដើមសប្តាហ៍ ដែលជាថ្ងៃចាប់ផ្តើមមុខងាររបស់ខ្លួនរាងៗខ្លួន តែផ្ទុយទៅវិញគេតែងតែរងចាំថ្ងៃចុងសប្តាហ៍មកដល់ ព្រោះវាជាថ្ងៃសំរាករបស់គេទៅវិញ។ តាមពិតទៅយើងពិតជាមិនបានដឹងថា ថ្ងៃចន្ទ័គឺជាថ្ងៃល្អដែលត្រូវចាប់ផ្តើមមុខងាររាងៗខ្លួននោះទេ។ ការខិតខំធ្វើការចាប់ពីថ្ងៃចន្ទ័នេះទៅ គឺជាចលករដែលបង្ហាញពីផលិតភាពការងារ ដែលអាចសំរួលអោយអ្នកមានការធូរស្រាលពីកិច្ចការដែលអ្នកត្រូវធ្វើនៅពេលដែលជិតដល់ចុងសប្តាហ៍។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីលើកទឹកចិត្តអ្នកអោយខំធ្វើការនៅថ្ងៃចន្ទ័ដើមសប្តាហ៍? ខាងក្រោមជាចំនុចទាំង៤ ត្រូវចងចាំ៖

១. ឆាប់ចូលគេងនៅយប់ថ្ងៃអាទិត្យ

រឿងដែលអាចធ្វើអោយអ្នកសប្បាយចិត្តដើម្បីចាប់ផ្តើមធ្វើការនៅថ្ងៃចន្ទ័នោះគឺ អ្នកត្រូវសំរាកនៅថ្ងៃចុងសប្តាហ៍អោយគ្រប់គ្រាន់និងមានប្រសិទ្ធភាព។ មានន័យថាការស្ពឹកស្រពន់ពីការងាររបស់អ្នក នឹងត្រូវបញ្ចប់នៅថ្ងៃចុងសប្តាហ៍។ ដូច្នេះដើម្បីអោយអ្នកមានថាមពលគ្រប់គ្រាន់សំរាប់ធ្វើការនៅថ្ងៃចន្ទ័នោះ អ្នកត្រូវគេងអោយបានយ៉ាងតិច ៩ម៉ោងនៅថ្ងៃអាទិត្យ។ អ្នកនឹងទទួលបាននូវអារម្មណ៍ខុសពីធម្មតានៅពេលដែលអ្នកក្រោកពីដំណេក ហើយអ្នកនឹងមានការសប្បាយចិត្តនឹងការផ្តើមការងារនៅថ្ងៃចន្ទ័។

២. រៀបចំកាលវិភាគការងាររបស់អ្នកអោយហើយ

ភាគច្រើននៅថ្ងៃចន្ទ័យើងតែងតែមិនដឹងថាយើងនឹងថាយើងនឹងត្រូវចាប់ផ្តើមការងាររបស់យើងពីកន្លែងណាទេ។ ជាការពិតណាស់ យើងភាគច្រើនគ្រាន់តែដឹងថា រាល់សប្តាហ៍យើងចាប់ផ្តើមធ្វើការពីម៉ោង ៨ ដល់ម៉ោង៥ ប៉ុណ្ណោះ។ វិធីតែមួយគត់ដើម្បីអោយអ្នកចាប់ផ្តើមការងារនៅថ្ងៃចន្ទ័អោយបានល្អនោះ គឹអ្នកត្រូវរៀបចំកាលវិភាគការងាររបស់អ្នកមួយសប្តាហ៍ពេញ នៅកំឡុងថ្ងៃចុងសប្តាហ៍របស់ខ្លួន។
តើអ្នកត្រូវរំលឹកខ្លួនឯងរបៀបណាដើម្បីអោយអ្នកចាប់ការងារពីថ្ងៃចន្ទ័? គឺងាយស្រួលណាស់ អ្នកគ្រាន់តែរំលឹកខ្លួនអ្នកថា អ្នកត្រូវតែសំរេចការងារដែលអ្នកបានរៀបចំតាមកាលវិភាគអ្នកអោយបាន ហើយអ្នកត្រូវតែក្រោកឡើងដើម្បីចាប់ផ្តើមថ្ងៃចន្ទ័ដ៏ល្អ។

៣. រកមូលហេតុថា ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តនឹងធ្វើការ

តើអ្នកធ្លាប់ដែលមានអារម្មណ៍ថាមិនសប្បាយចិត្តនឹងបំពេញការងាររបស់អ្នកដែរឬទេ មិនថាថ្ងៃចន្ទ័ឬថ្ងៃណាមួយក្នុងថ្ងៃធ្វើការ? ប្រសិនជាដូច្នោះ អ្នកត្រូវតែស្វែងរកមូលហេតុទាំងនោះ ព្រោះបរិយាកាលនោះនឹងធ្វើអោយផលិតកម្មការងាររបស់អ្នកធ្លាក់ចុះ។
នៅពេលដែលអ្នករកឃើញបញ្ហានោះ អ្នកត្រូវរកដំណោះស្រាយអោយបាន។ ឧទាហរណ៍ៈ ប្រសិនបើអ្នកមានអារម្មណ៍ធុញធប់នឹងការងារ ហេតុអ្វីអ្នកមិនសុំពេលវេលាសមស្របណាមួយដើម្បីវិស្សមកាល? ឬក៏អ្នកអាចផ្លាស់ប្តូរ ឬសាកល្បងនៅអ្វីដែលថ្មី បន្ទាប់ពីថ្ងៃធ្វើការរបស់អ្នក ដើម្បីកាត់បន្ថយភាពតានតឹងរបស់អ្នក។

៤. ការជៀសអោយឆ្ងាយពីការងារកំឡុងពេលថ្ងៃសំរាក

អ្នកនឹងមានភាពតានតឹង នៅពេលដែលអ្នកសំរាកមិនគ្រប់គ្រាន់នៅថ្ងៃចុងសប្តាហ៍របស់អ្នក។ នេះគឺជាហេតុផលដែលអ្នកអោយអ្នកហត់នឿយដើម្បីធ្វើការនៅថ្ងៃចន្ទ័ដើមសប្តាហ៍។
មូលហេតុមួយដែលធ្វើអោយអ្នកនៅសល់ភាពធុញធប់ពីការងារនោះគឺ ដោយសារតែអ្នកមិនបានជៀសអោយឆ្ងាយពីការងាររបស់អ្នកនៅថ្ងៃសំរាករបស់អ្នក។ ផ្ទុយទៅវិញ អ្នកនៅតែទំលាប់ អានអ៊ីម៉េល និងធ្វើកិច្ចការផ្សេងៗដែលពាក់ពន្ធ័នឹងការងារអ្នកនៅថ្ងៃសំរាករបស់អ្នក។ ដូចនេះ អ្នកមិនគួរធ្វើដូចនេះទៀតទេ គឺអ្នកត្រូវតែមានពេលវេលាផ្ទាល់ខ្លួនរបស់អ្នក ដែលអាចអោយអ្នកសំរាកបានស្រួល និងធូរស្រាលចិត្ត ដើម្បីអោយអ្នកមានទឹកចិត្តចាប់ផ្តើមកិច្ចការបន្តនៅថ្ងៃចន្ទ័។
សរុបសេចក្តីមក ថ្ងៃចន្ទ័ហាក់បីដូចជាថ្ងៃធ្វើការដែលលំបាកជាងគេ តែអ្វីដែលយើងមិនដឹងនោះគឺថា វាគ្រាន់តែជាការយល់ឃើញរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ ដូចនេះអ្នកអាចរកហេតុផលដ៏សមស្របណាមួយដែលអាចអោយអ្នកខិតខំធ្វើការ មិនថានៅថ្ងៃណា ឬពេលណាក៏ដោយ។ ជាមួយនឹងការចែកចាយខាងលើនេះ សង្ឃឹមថាថ្ងៃចន្ទ័របស់អ្នកក៏ជាថ្ងៃដែលអ្នកសប្បាយនឹងការងាររបស់អ្នក ព្រមទាំងជាថ្ងៃល្អរបស់អ្នកផងដែរ។

SHARE